មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញថា តំបន់ជុំវិញវត្តភ្នំ និងតំបន់មួយចំនួនទៀតនៅក្នុងខណ្ឌទួលគោក នឹងលែងលិចលង់ទៀតហើយ បន្ទាប់ពីគម្រោងការពារទឹកជំនន់ជំហានទី៤ របស់ជប៉ុនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃ២០ ខែមេសា ឆ្នាំ២០២២នេះថា បន្ទាប់ពីគម្រោងការពារទឹកជំនន់ជំហានទី៤ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នោះ ហើយ នៅរដូវវស្សាឆ្នាំនេះ តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំ ដូចជាផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ ផ្លូវលេខ៥៩៦ ផ្លូវលេខ៥៩២ ផ្លូវលេខ៣១៥ ផ្លូវលេខ២៨៩ ផ្លូវលេខ ២៨៧ ផ្លូវលេខ៦០៨ និងស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី នឹងមិនលិចលង់ទៀតទេ។

 

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន បញ្ជាក់ថា សមិទ្ធផលនៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានី ភ្នំពេញ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនជំហានទី៤ ត្រូវបានដាក់សម្ពោធឱ្យប្រើ ប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។ គម្រោងនេះ បាន និងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រក្នុងសង្កាត់បឹងកក់ទី១ សង្កាត់ បឹងកក់ទី២ ក្នុងខណ្ឌទួលគោក ដោយបានចំណាយថវិកាអស់ចំនួន ៣.៦៨០.៦០៨.០០០ យ៉េនជប៉ុន ត្រូវជាប្រមាណ ៣៦លានដុល្លារអាម៉េរិក។

 

លោកបន្តថា ការងារទាំងនោះរួមមាន៖ ១-ស្ថាបនាដាក់បណ្តាញលូខ្នាតធំ ប្រវែង ១២.៦គ.ម។ ២-សាងសង់អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ ១៣៥ម ទទឹង ១៣.៥ម ជម្រៅ ៤ម៉ែត្រ មានសមត្ថ ភាពស្តុកទឹកបាន ៦៥០០ម៉ែត្រគុប និងសង់ស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រ គុបក្នុង១វិនាទី។ ៣-បំពាក់ម៉ាស៊ីនបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាល សន្និសីទចតុមុខ។

 

៤-ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ លោកបន្តទៀតថា តាមរយៈនៃការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកាលពី ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក ឃើញថា ក្នុងករណីភ្លៀងធ្លាក់កម្រិតក្រោម ៤០មម ក្នុង១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជានៅជុំវិញវត្តភ្នំ និងម្តុំស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវីមិនលិចលង់ទៀតទេ ប៉ុន្តែបើករណីភ្លៀងធ្លាក់ខ្លាំងលើសពី៤០មម ក្នុង១ម៉ោង ទឹកដែលធ្លាប់លិចលង់រយៈពេល ៣ម៉ោងទៅ៤ម៉ោង បានកាត់បន្ថយមកនៅត្រឹម ៣០នាទីទៅ១ម៉ោងប៉ុណ្ណោះ៕