សម្តេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យ​មានការ​សិក្សា​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​

 

អាមេរិក ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​សិក្សា​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស សំខាន់​ពលរដ្ឋ​ខ្មែរ​កំពង់​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា​ជាដើម ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ពួកគាត់ ដែល​ចង់​ទិញ​អចលនទ្រព្យ​នៅពេល​ត្រឡប់មក​ប្រទេស​កំណើត​វិញ នៅ​ថ្ងៃ​ណាមួយ ខណៈ​ពួកគាត់​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​នៅ​កម្ពុជា​ឡើយ​។​

ការណែនាំ​បែបនេះ​ធ្វើ​ទ្បើង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក និង​កាណាដា នាទី​ក្រុង​វ៉ា​ស៉ី​ន​តោន​សហរដ្ឋអាមេរិក​នៅ​ព្រឹក​នេះ ខណ​ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង​២០០០​នាក់​។​

សម្ដេច ហ៊ុន សែន បាន​ប្រាប់​ទៅ​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ផ្នែក​អត្តសញ្ញាណ​កម្ម ដើម្បី​សម្រួល​ការងារ​នេះ ក្រោយពី​សម្ដេច​បានឮ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិក​។​

សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍ថា «​បងប្អូន​មកនេះ អត់​មាន​សញ្ជាតិ​ខ្មែរ​ទេ ព្រោះ​មក​តាំងពី​តូច ឬ​មក​អត់​មានឈ្មោះ​បញ្ជី​ក្នុងស្រុក​ទេ​។ អញ្ចឹង​ត្រូវធ្វើ​មិច​ឲ្យ​បងប្អូន​អាចមាន​អត្តសញ្ញាណ​បណ្ណ​ខ្មែរ​បាន ព្រោះ​មួយចំនួន​មាន តែមួយ​ចំនួន​អត់​មាន​ទេ​។ ចឹ​ង​យើង​ត្រូវ​រក​នីតិវិធី​សម្រួល​ឲ្យ​បងប្អូន​យើង​ដែល​នៅក្រៅ​ប្រទេស មានលទ្ធភាព ព្រោះ​ខ្លះទៅ​ស្រុក​ទិញ​ដី​ទិញ​ធ្លី ធ្វើ​ផ្ទះ​»​។​

នាឱកាស​នោះ សម្ដេច​ហ៊ុន សែន ក៏បាន​ផ្ដាំផ្ញើដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស នៅពេល​ទទួលបាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ហើយ​នោះ ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ហើយ​ការបោះឆ្នោត​នេះ​ទៀតសោត ត្រូវ​ទាមទារ​សិទ្ធិ​បោះឆ្នោត​ដោយផ្ទាល់ មិនអាច​បោះឆ្នោត​តាម​ប្រៃសណីយ​នោះទេ ព្រោះ​ជា​ច្បាប់បោះឆ្នោត​របស់​កម្ពុជា គឺ​ត្រូវ​បោះឆ្នោត​ផ្ទាល់​៕