ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ការឃោសនាបក្សប្រជាជន គឺ​ផ្សព្វផ្សាយ​គោលនយោបាយ និងកម្មវិធីនយោបាយអភិវឌ្ឍឃុំសង្កាត់ ខុសឆ្ងាយ​ពី​យុទ្ធសាស្ត្រ​របស់​ដៃគូ ភាគច្រើន​ផ្តោតលើការ​វាយ​ប្រហារ​រិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ

ខេត្តស្វាយរៀង ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​យុវជន​គណបក្សថ្នាក់កណ្តាល បានជួបសំណេះសំណាលជាមួយសកម្មជន វាគ្មិន​ជាយុវជនគណបក្ស និងក្រុមការងារ​ក្នុង​រចនា​សម្ព័ន្ធ​ក្រុមការងារ​យុវជន​គណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរ​ឈ្មោះ​​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅ​ខេត្តស្វាយរៀង នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណចំពោះ​ក្រុម​ការងារ​យុវជនគណបក្សខេត្តស្វាយរៀង ដែលបានខិតខំ​រៀបចំពិធី​ជួបជុំ​ក្នុង​លក្ខណៈជាមហាគ្រួសារបក្ស ដោយមាន​ក្រោម​ការ​គាំទ្រ​របស់​គណៈកម្មាធិការ គណបក្សខេត្ត ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី២ នៃ​ការ​ប្រកាស​បើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ចាប់ពីថ្ងៃម្សិលមិញមក អ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជា នៅគ្រប់ ទិសទីពេញផ្ទៃប្រទេស រួមទាំងនៅ​ក្នុង​បណ្តាឃុំ-សង្កាត់ទាំង៨០ នៅក្នុងខេត្តស្វាយរៀងផ្ទាល់ បានចេញ​ធ្វើ​សកម្មភាព​ក្នុងយុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេង ដែលជា​ការ​បង្ហាញ​ឱ្យឃើញនូវកិត្យានុភាព និងកម្លាំងមហាសាមគ្គីដ៏ក្លៀវក្លាស្វាហាប់ សំដៅឈានឆ្ពោះទៅសម្រេចបាននូវជោគជ័យលើសលប់ក្នុងពេលខាងមុខនេះ។

ឯកឧត្តមថា «យុទ្ធនាការឃោសនានេះ មានបំណង​ឱ្យ​គណបក្ស​នយោបាយ ផ្សព្វផ្សាយអំពីគោលនយោបាយ និង​កម្មវិធី​នយោបាយ ក្នុងការ​អភិវឌ្ឍឃុំ-សង្កាត់ ដល់អង្គបោះឆ្នោត។ ខុសឆ្ងាយ​ពីយុទ្ធសាស្ត្រ​របស់​ដៃគូប្រកួតប្រជែងមួយចំនួន ដែលភាគច្រើន​ផ្តោត​លើការ​វាយប្រហារ​រិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ, ចំណុចខ្លាំង​ដែលជា​កត្តា​កំណត់ជោគជ័យ​របស់ គណបក្សប្រជាជនកម្ពុជា គឺការផ្សព្វផ្សាយ​អំពី​ស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ ដែលគណបក្សខិតខំ សម្រេច​បាន​តាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងដោយមានការបូកសរុប និង​វាយ​តម្លៃ​ច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ ក៏ដូចជា​ការ​ធានា​ទាំងស្រុង​ជូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការ បន្តនូវ​បុព្វហេតុ​បម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ជាពិសេស​ការ​ការពារ​ឱ្យ​បានដាច់ខាតនូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការរួមគ្នាជាធ្លុងសាមគ្គីរវាងក្រុមការងារយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង និងគណៈកម្មាធិការបក្សខេត្ត, គណៈកម្មាធិការបក្សក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងមន្ត្រីគណបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ គឺជាកត្តាសំខាន់មួយឆ្ពោះទៅកាន់ជោគជ័យ។ ជាមួយនឹងសមាជិកដ៏ច្រើននៅក្នុងខេត្តស្វាយរៀងប្រមាណជាង ៣សែននាក់ ដូច្នេះការគ្រប់គ្រងមិនងាយស្រួលនោះឡើយ គឺទាមទារចាំបាច់ឱ្យមានការដឹកនាំនៅក្រោមគណៈបញ្ជាការឯកភាព នៃគណៈកម្មាធិការបក្សខេត្ត ដោយមានឋានានុក្រមច្បាស់លាស់ ដើម្បីសម្រួលដល់ការប្រមូលផ្តុំក្នុងរូបភាពជាកម្លាំងសរុប និងធ្វើសកម្មភាពឱ្យមានលក្ខណៈ ស៊ីសង្វាក់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់។

ពិតណាស់ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវ​បាន​ថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។ ជាក់ស្តែង ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេស សម្តេចតេជោ ប្រធានគណបក្ស ក៏តែង​បានយក​ចិត្តទុកដាក់ជា​ខ្លាំង​លើការងារពង្រឹងអង្គការចាត់តាំងយុវជន និង​ការងារ​កសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បី​ជាយន្តការ​ជំនួយ​ឱ្​យគណបក្ស​លើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន។ ជាពិសេស ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ដូចក្នុងពេលនេះ គឺដើម្បីជំរុញឱប្រជាពលរដ្ឋទូទៅ និងយុវជន ទៅចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត និង​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបន្តថា «ការរក្សា និងពង្រឹងការឯកភាពទស្សនៈ គោលជំហរ សតិអារម្មណ៍ ក៏ជាកិច្ចការសំខាន់ចាំបាច់ផងដែរ។ សមាជិកម្នាក់ៗ អាច​មាន​ការ​គិតពិចារណាយល់ឃើញ និងរបៀបរបបការងារផ្សេងៗគ្នា ប៉ុន្តែ​អ្វី​ដែល​ត្រូវ ប្រកាន់ខ្ជាប់ គឺការរក្សាបាននូវបេះដូង និងទស្សនៈរួមថា យើង​អនុវត្តសិទ្ធនយោបាយរបស់យើង ដោយ​បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ​ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សយើងជាគណបក្ស ដែលបាន​កសាង​នូវស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​ជូនជាតិ និងបានផ្តល់ភាពកក់ក្តៅជូនប្រជាជន ព្រមទាំង​ការ​ធានា​នូវលំនឹងស្ថិរភាពគ្រប់បែបយ៉ាងសម្រាប់អនាគត។ នៅក្នុងដំណើរជីវិតរបស់គណបក្សយើង គឺមានទាំងសមាសធាតុចាស់ និងថ្មីនៅលាយឡំគ្នា។ អ្វីដែលចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលប្រកាន់យកតាំងពីការបង្កើតក្នុងឆ្នាំ១៩៥១ មក ហើយក៏នឹង​បន្ត​ជានិច្ច​និរន្តន៍តទៅមុខទៀត។ ចំពោះអ្វីដែលថ្មីរហូត គឺដំណើរការ​កែទម្រង់ និងកែលម្អប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅ​ធ្វើយ៉ាង​ធានា​ឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងជីវភាព​កាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជា​ការ​បើក​លំហរ​សិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ ក្រោម​បរិយាកាស​នៃ​សុខ​សន្តិភាព ស្ថិរភាព និងក្នុងក្របខ័ណ្ឌ​នៃ​សង្គម​ប្រជាធិបតេយ្យ​ផ្អែក​លើ​គោលការណ៍​នីតិរដ្ឋ៕