សមត្ថកិច្ចជំនាញកំពុងសកម្មទប់ស្កាត់ការនាំជ្រូកចូលខុសច្បាប់តាមច្រកខេត្តស្វាយរៀងមកកម្ពុជា

បន្ទាប់ពីមានការបង្ក្រាបករណីលួចនាំជ្រូកចូលខុសច្បាប់ពីប្រទេសវៀតណាមចំនួន២០ក្បាលមកកាន់ប្រទេសកម្ពុជា តាមច្រកមួយនៃខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២៥ ខែឧសភា។ អ្នកនាំពាក្យសាលាខេត្តស្វាយរៀងបានឱ្យដឹងថា មន្ត្រីជំនាញកំពុងតែធ្វើការយ៉ាងសកម្មក្នុងការទប់ស្កាត់ពីការនាំជ្រូកចូលមកដោយខុសច្បាប់។

លោក រស់ ផារិទ្ធ អ្នកនាំពាក្យរដ្ឋបាល​ខេត្ត​ស្វាយរៀង បានមានប្រសាសន៍ថា ករណីបង្ក្រាបនូវជ្រូកខុសច្បាប់ដែលឆ្លងមកពីប្រទេសជិតខាងតាមច្រកផ្សេងៗនៅក្នុងខេត្តស្វាយរៀងបានកើតឡើងជាបន្តបន្ទាប់ ដោយមន្ត្រីជំនាញ សហការជាមួយអជ្ញាធរមូលដ្ឋានបានល្អក្នុងការប្រតិបត្តិការ។ លោកថា ដោយមានការណែនាំពីឯកឧត្តម អភិបាលខេត្ត មន្ត្រីជំនាញកំពុងដុតដៃដុតជើងដើម្បីធ្វើការបង្ក្រាប បើទោះបីមិនទាន់បាន១០០% ប៉ុន្តែយើងធ្វើការបង្ក្រាបបានច្រើន ហើយក្រុមឈ្មួញដែលត្រូវឃាត់ខ្លួន ត្រូវមន្ត្រីជំនាញធ្វើការអនុវត្តទៅតាមច្បាប់ជាធរមាន​។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ លើកទឹកចិត្តឱ្យអាជីវករ ឈ្នួញអ្នកនាំចូលត្រូវធ្វើច្បាប់ទម្លាប់ត្រឹមត្រូវ បើមិនចង់ឱ្យមានការបង្ក្រាបពីមន្ត្រីជំនាញ។ ចំពោះករណីដែលលួចចូលតាមច្រករបៀងតូចៗនេះ គឺមកពីការធ្វេសប្រហែសរបស់អាជ្ញាធរមូលដ្ឋាន ដោយខ្វះការសហការជាមួយមន្ត្រីជំនាញ​។

សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តស្វាយរៀង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះស្ទាក់ចាប់រថយន្ត០១គ្រឿងម៉ាកសាំយ៉ុង ដែលលួចលាក់នាំជ្រូកចូលពីប្រទេសវៀតណាមដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ មកកាន់ប្រទេសកម្ពុជា តាមច្រកប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀងបម្រុងនឹងយកទៅចែកចាយនៅក្រុងស្វាយរៀង។