អាវុធហត្ថ​រាជធានី​ភ្នំពេញ កែច្នៃ​រថយន្ត​១០​គ្រឿង ដែល​ទទួលបាន​ពី​សប្បុរសជន ទៅ​ជា​រថយន្ត​បម្រើ​ប្រតិបត្តិការ​ចម្រុះ​មុខងារ​!

រថយន្តត​១០​គ្រឿង ក្នុងនោះ​មាន រថយន្ត Ford Ranger XLT ចំនួន​០៥​គ្រឿង និង រថយន្ត IZUZU ចំនួន​០៥​គ្រឿង ដែល​អាវុធហត្ថ រាជធានី​ភ្នំពេញ​ទទួលបាន ពី​សប្បុរសជន​កន្លង​មក ត្រូវបាន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើ​ការកែច្នៃ និង​បំពាក់​គ្រឿង​បន្ថែម ដែល​អាច​ប្រើ​បាន​ច្រើន​មុខងារ បត់បែន​តាម​កាលៈទេសៈ សម្រាប់​អង្គភាព​ប្រើប្រាស់​ជា​មធ្យោបាយ​យ៉ាងសំខាន់ ក្នុង​ការរួមចំណែក​លើ​ការងារ​ចុះ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ជាពិសេស​ត្រៀម​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រតិភូ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ដែល​នឹង​មក​ចូលរួម ក្នុង​កិច្ចប្រជុំ​លំដាប់​អន្តរជាតិ​នានា​នៅ​កម្ពុជា ។​

​ជំនួស​មុខ​ឲ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្នុងនាម​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សប្បុរសជន​ខាងលើ ដែល​មាន​ទឹកចិត្ត​ស្រលាញ់​គាំទ្រ កម្លាំង​កងរាជអាវុធហត្ថ ព្រមទាំង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​រថយន្ត​ទាំង​១០​គ្រឿង​ប្រគល់​ជូន​អង្គភាព អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​បម្រើ​ប្រជាពលរដ្ឋ​និង​សង្គមជាតិ ៕